ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៤នាក់ ខណៈអ្នកជំងឺចំនួន១៨នាក់ជាសះស្បើយ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៤នាក់ ក្នុងនោះករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន៥៣នាក់ និង១ករណីទៀត គឺជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
អ្នកឆ្លងកូវីដ១៩ថ្មីទាំង៥៤នាក់ មានម្នាក់ជាស្ត្រីជនជាតិខ្មែរ ធ្វើដំណើរមកពីប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ និង ៥៣នាក់ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ រួមមាន៖ ជនជាតិខ្មែរ៣២នាក់, ជនជាតិចិន ២០នាក់ និងជនជាតិវៀតណាម ម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល និងព្រះសីហនុ។
ចំណែកអ្នកជាសះស្បើយទាំង១៨នាក់ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមាន៖ ជនជាតិចិន១៤នាក់, ជនជាតិវៀតណាម ២នាក់, ជនជាតិកូរ៉េម្នាក់ និងជនជាតិខ្មែរម្នាក់ ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៣៥នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៩២នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕