(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ គម្រប់៩០ឆ្នាំ ឈានចូល៩១ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសេចក្តីអំណរសាទរ ដោយស្មោះអស់ពីដួងចិត្ត សូមចូលរួមជូននូវសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់ប្រការចំពោះ សម្តេចអគ្គមហា ពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា។ យើងខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្តេចអគ្គមហាពញាចក្រី ដែលកន្លងមកបាន ខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមដឹកនាំកសាងប្រជាជាតិកម្ពុជា ទទួលបានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រពៃថ្លៃថ្លានេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់យ៉ាងចំពោះសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លា បួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕
ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ