កិច្ចប្រជុំបូកសរុបសភាពការណ៍គ្រោះមហន្តរាយ ឆមាសទី១ និងទិសដៅ ឆមាសទី២ ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រព្រឹត្តទៅក្រោមអធិតីភាព ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការអចិន្ត្រៃ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា ទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើរក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្លែងអំណរគុណដល់សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដៃគូអភិវឌ្ឍន៍ ជាពិសេស ADB, UNDP, WFP តំណាងអង្គការក្រៅរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញចូលរូមក្នុងកិច្ចប្រជុំនាពេលនេះ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ញឹម វណ្ណដា បានលើកទ្បើងពីស្ថានភាពទូទៅនាពេលបច្ចុប្បន្នមនេះថា មានលក្ខណៈល្អប្រសើរ យើងមានសុខសន្តិភាពពេញលេញ បង្កឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាបានចូលរួមបោះឆ្នោតដោយសេរី ដើម្បីជ្រើសមេឃុំ ចៅសង្កាត់ ប្រកបដោយជោគជ័យនាពេលកន្លងមកថ្មីៗនេះ។ ចំពោះសភាពការណ៍គ្រោះមហន្តរាយហន្តរាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា យោងតាមការបូកសរុបាយការណ៍របស់ ឯឧត្តម កែ វី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បង្ហាញថា នៅក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៧ គ្រាន់តែមុខសញ្ញាគ្រោះថ្នាក់រន្ទះបាញ់មួយមុខប៉ុណ្ណោះ បានបង្កជាហានិភ័យគ្រោះមហន្តរាយ ឆាបឆក់យកបង់ជិវិតប្រជាពលរដ្ឋអស់ ៤៧នាក់ និងបង្ករបួស ៤៨នាក់ នៅមានសញ្ញាគ្រោះថ្នាក់ដទៃទៀតដែលយើងត្រូវយកចិត្តទុកដាក់ ហើយឯកឧត្តម កែ វី នឹងធ្វើបទបង្ហាញលម្អិតអំពីបញ្ហានេះ។ ការពិតយើងមិនអាចដឹងមុននូវការកើតឡើងគ្រោះមហន្តរាយមហន្តរាយធម្មជាតិ ប៉ុន្តែយើងអាចត្រៀមបង្ការ និងធអាចកាត់បន្ថយ ហានិភ័យរបស់វា តាមរយៈការរៀបចំឲ្យមានផែនការត្រៀមបម្រុងទុក ការអប់រំផ្សព្វផ្សាយការយល់ដឹងឲ្យបានទូលំទូលាយ។ម្យ៉ាងវិញទៀត ដោយមានការរួមចំណែកក្នុង ការពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការអនុវត្តគម្រោងជំនួយបច្ចេកទេស (TA) ADB បានផ្តល់ឧបករណ៍ បច្ចេកទេសវិទ្យាទំនាក់ទំនងព័ត៌មាន (ICT equipment) ដូចជា កុំព្យូទ័រ ព្រីនធ័រ សម្ភារៈការិយាល័យ ជូនដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត គោលដៅទាំង៦ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក និងឃុំគោលដៅ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានសំណូមឲ្យ ADB ពង្រីកការគាំទ្រនូវឧបករណ៍ បច្ចេកទេសវិទ្យាទំនាក់ទំនងព័ត៌មាន ចែកជួនដល់បណ្តាខេត្តផ្សេងទៀត ដើម្បីរួមចំណែក កែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ ការផ្សព្វផ្សាយ ការប្រកាសព័ត៌មានឲ្យដឹងមុនកាន់តែមានប្រសិទ្ធភាព និងធ្វើឲ្យបញ្ជូនទិន្នន័យព័ត៌មាន ក៏ដូចជាការរៀបចំរបាយណ៍កាន់តែមានសុក្រត្យភាព។ក្នុងពេលនោះដែរ ឯកឧត្តម Samiuela T. Tukuafu នាយកប្រចាំប្រទេស របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ក៏មានចំណាប់អារម្មណ៍ និងអបអរសាទរនូវរាល់សមិទ្ធផលដែលសម្រេចបាន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០១៧ តាមរយៈកិច្ចប្រតិបត្តិការ ការអនុវត្តគម្រោងជំនួយបច្ចេកទេស ក្រោមមូលជំនួយឥសំណងរបស់រដ្ឋាភិបាលជប៉ុន មូលនិធិដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី លោក Samiuela T. Tukuafu បានចាប់អារម្មណ៍ទៅលើ៖ (i) លទ្ធផលបូកសរុបរបាយការណ៍ស្តីពីស្ថាភាពគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ; (ii) ការពង្រឹងសម្របសម្រួលស្ថាប័ននានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការធានាផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតប ប្រសិនបើមាន គ្រោះមហន្តរាយទឹកជំនន់ នៅពេលខាងមុខនេះ។ (iii) សមិទ្ធផលដែលសម្រេចបានតាមរយៈការអនុវត្តសកម្មភាពជាមួយគម្រោងជំនួយបច្ចេក-ទេស ស្តីពី ការពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ។ ការសហការជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធដទៃទៀតដើម្បីចែករំលែកបទពិសោធន៍ សមិទ្ធិផល និងអនុសាសន៍ល្អៗ ដើម្បីធ្វើឱ្យបរិយាកាសធ្វើការងារកាន់តែប្រសើរឡើងសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសកម្ពុជា។ ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំពោះកម្ពុជាត្រូវបាន អនុលោមទៅតាម យុទ្ធសាស្ត្រភាពជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៤-២០១៨ ស្របគ្នានឹងការវាយតម្លៃពាក់កណ្តាលគម្រោងនៃការអនុវត្តយុទ្ធសាស្ត្រ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០២០ និងយុទ្ធសាស្រ្តអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ យុទ្ធសាស្រ្តនេះត្រូវបានបញ្ចូលនៅក្នុងរបៀបវារៈ ចំនួនបីរបស់ នៃយុទ្ធសាស្រ្ត របស់ធនាគារអភិវឌ្ឍន៍អាស៊ី (i) ការរួមបញ្ចូលគ្នានូវកំណើនសេដ្ឋកិច្ច (ii) ការរីចម្រើនប្រកបដោយចីរភាពនូវបរិសា្ថន។ និង (iii) កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្ម។ ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា ប្រទេសកម្ពុជាជួបប្រទះនូវភាពរាំងស្ងួត និងទឹកជំនន់ដែលប៉ះពាល់ដល់ដល់វិស័យដ៏សំខាន់ៗមួយចំនួន បង្កការលំបាកដល់ប្រជាជនក្រីក្រតាមជនបទជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០០៩ ឆ្នាំ ២០១១ និងឆ្នាំ ២០១៣ ប្រទេសកម្ពុជាបានជួប ព្រឹត្តិការណ៍គ្រោះទឹកជំនន់ធ្ងន់ធ្ងរបន្តបន្ទាប់ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សដែលមិនធ្លាប់មានពីមុនមក និងធ្វើឲ្យខូចខាតផលដំណាំ ទ្រព្យសម្បត្តិសាធារណៈ និងឯកជន គិតជាទឹកប្រាក់ខាតបង់អស់រាប់រយលានដុល្លារ។ ការវិភាគស្តីពីគ្រោះរាំងស្ងួតឆ្នាំ ២០១៥-២០១៦ ធ្វើឡើងដោយ អង្គការ UNESCO-IHE វិទ្យាស្ថានអប់រំធារាសាស្រ្ត ដោយសហការជាមួយ ADB បានបង្ហាញថា នៅឆ្នាំ ២០១៥ ប្រទេសកម្ពុជានឹងទទួលរងនូវការថយចុះនៃបរិមាណទឹកភ្លៀង ១៧% បើប្រៀបធៀបនឹងមធ្យមភាគ ក្នុងអំឡុង ៣៥ ឆ្នាំ អាចបណ្តាលឱ្យមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរ នៅឆ្នាំ ២០១៦។ លក្ខខណ្ឌអាកាសធាតុសកលនៅតែបន្តផ្លាស់ប្តូរ ហើយវាទំនងជា ធ្វើឲ្យកម្ពុជា បន្តជួបប្រទះគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលយើងមិនអាចទាយទុកជាមុនបាន។ បញ្ហាប្រឈមទាំងអស់នេះ តម្រូវឱ្យយើងគ្រប់គ្នា ត្រូវតែត្រៀមរៀបចំបន្ថែមទៀត និងមានការផ្តួចផ្តើមគំនិតថ្មី ឬច្នៃបង្កើតបន្ថែមទៀត នៅក្នុងវិធីសាស្រ្តកាត់បន្ថយហានិភ័យ និងធ្វើឲ្យកាន់តែល្អប្រសើរនូវគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ។ ការវាយតម្លៃពិនិត្យឡើងវិញ និងការវាយតម្លៃស្ថាប័ននាពេលថ្មីៗនេះ ក៏បង្ហាញផងដែរថា អ្វីដែលមានស្រាប់នៅក្នុង ប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងប្រទេសដេលកំពុងត្រូវបានពង្រឹង និងកែលំអជាបណ្តើរៗ។ គ្រោះមហន្តរាយធម្មជាតិ មាននិន្នាការធ្វើឱ្យប៉ះពាល់ដល់អ្នកក្រីក្រ ជាពិសេសស្ត្រីនិងកុមារ ដែលជាក្រុមងាយរងគ្រោះបំផុត។ ប្រសិនបើគ្មានកម្មវិធីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាពទេ ប្រទេសដែលងាយរងគ្រោះដូចជា កម្ពុជា ប្រកដជាជួបការក្នុងការឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សរបស់ខ្លួន។ ការជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អសមត្ថភាពត្រៀមបម្រុង នៅថ្នាក់ជាតិសម្រាប់ឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយគាំទ្រដល់គម្រោងចំនួន ២៖ (i) គម្រោងជំនួយបច្ចេកទេស: ការពង្រឹងការសម្របសម្រួលការគ្រប់គ្រងគ្រោះមហន្តរាយ និង (ii) គម្រោងជំនួយឥតសំណង: ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្ដរាយនៅមូលដ្ឋានសហគមន៍ ដែលគាំទ្រដោយមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រ (JFPR) មានគោលបំណង លើកកម្ពស់សមត្ថភាពគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ផ្តោតលើការគាំទ្រដល់ការអភិវឌ្ឍស្ថាប័នរបស់រដ្ឋាភិបាល និងការពង្រឹងសមត្ថភាពបច្ចេកទេសសម្រាប់ការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ និងអនុវត្តគំរូបទពិសោធន៍ថ្មីៗ ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្ស៊ាំជាមួយការប្រែប្រួលអាកាសធាតុ នៅថ្នាក់ក្រោមជាតិ ។
ចែករំលែកតំណនេះតាម
ឬចម្លងតំណនេះ