ឯកឧត្តម គន់ គីម ជំរុញមន្ត្រីតាមដានស្ថានភាព បង្កពីឥទិ្ធពលអាកាសធាតុអែលនីណូ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញទៅមន្ត្រីក្រោមឱវាទ ត្រូវតាមដានស្ថានភាព ដែលបង្កពីឥទ្ធិពលអាកាសធាតុអែលនីណូ ធ្វើឲ្យបណ្ដាខេត្តមួយចំនួន ជួបគ្រោះរាំងស្ងួត ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែកក្កដា និងទិសដៅបន្តខែសីហា ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា បន្ទាប់ពីព្យុះទី៤ បានអស់ឥទិ្ធពលមិនបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅអាងទន្លេមេគង្គលើ ហើយក៏បានឱ្យទឹកទន្លេមេគង្គមានការកើនឡើងបន្តិចបន្តួច ដែលក្នុងនេះគិតត្រឹមថ្ងៃទី២៥ ខែកក្កដា នៅគ្រប់ស្ថានីយជលសាស្ត្រកម្ពស់ទឹកមានកម្រិតទាប ជាងឆ្នាំ២០២២ និងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ។ ឯកឧត្តម បានបន្តថា យោងតាមស្ថានភាពអាកាសធាតុ ដែលត្រូវបានព្យាករណ៍ ស្ថានភាពទឹកជំនន់ ទន្លេមេគង្គ ជាប្រភេទជំនន់តូចមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរឡើយ ហើយអាចនឹងមានការជន់លិច តែនៅតាមតំបន់ទំនាប តាមដងទន្លេប៉ុណ្ណោះ ចំពោះជំនន់ទឹកភ្លៀង អាចនឹងកើតមានដោយកន្លែង ក្នុងរយៈពេលខ្លី និងមិនមានលក្ខណៈធ្ងន់ធ្ងរទេ ដោយសារតែឥទិ្ធពលអាកាសធាតុអែលនីណូ ដែលមានភ្លៀងតិច ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញមន្រ្តីក្រោមឱវាទត្រូវបន្ត សហការ និងចូលរួម​ជាមួយលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ពិនិត្យតាមដានស្ថានភាពគ្រោះរាំងស្ងួត នៅតាមមូលដ្ឋាន​សហគមន៍ងាយរងគ្រោះ ។ ឯកឧត្តម គន់ គីម បានជំរុញទៅមន្ត្រីពង្រឹងសមត្ថភាព និងលទ្ធភាព ក្នុងការឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញ ក្នុងហេតុការណ៍គ្រោះមហន្តរាយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយកង​ប្រតិបត្តិការ រុករក និងសង្គ្រោះទាំង១៦កង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា កាកបាទក្រហមកម្ពុជា និង​អង្គការដៃគូ រួមទាំងរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យ​គ្រោះមហន្តរាយ​ ២០២៤-២០២៨ ។ គួរបញ្ជាក់ថា រយៈពេល៧ខែ ឆ្នាំ២០២៣នេះ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២២១ លើក ក្នុងនោះផ្ទះរលំ ៨៨០ ខ្នង, ផ្ទះរបើក ជាង១២ ០០០ខ្នង, ប៉ះពាល់សាលារៀន ៨៧ខ្នង, តូប/ផ្សារ ៧៧តូប, អាគាររដ្ឋបាល ៣៨ កន្លែង, មនុស្សស្លាប់ ៨នាក់ និងរបួស ១៤៥នាក់ ។ ចំណែកបញ្ហាអគ្គិភ័យ កើតឡើងចំនួន ៣៩០លើក ខូចខាតផ្ទះ ៤២៧ខ្នង, តូប/ផ្សារ៦១, ឃ្លាំងទំនិញ៨,សាលារៀន ១ខ្នង, រោងចក្រ/សិប្បកម្ម ៨ កន្លែង, អាគាររដ្ឋបាល ៧កន្លែង, ចម្ការ/ព្រៃ ១៧កន្លែង, មនុស្សស្លាប់ ២៣នាក់ និងរបួស ២៧នាក់ ។ ដោយឡែក គ្រោះថ្នាក់រន្ទះកើតឡើង ១០០លើក ប៉ះពាល់ផ្ទះចំនួន ៧ខ្នង បណ្ដាលឲ្យមនុស្សស្លាប់ ៥៩នាក់ មនុស្សរបួស ៤៥ នាក់ និងគោ/ក្របីងាប់ចំនួន ៨៧ក្បាល ៕អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម គន់ គីម៖ ប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តចំនួន៩ ជួបបញ្ហាជំនន់ទឹកភ្លៀងតែមិនធ្ងន់ធ្ងរ
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងថា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានគ្រោះទឹកជំនន់ដោយសារទឹកភ្លៀងកើតឡើង ក្នុងខេត្តចំនួន៩ ប៉ុន្តែគ្មានផលប៉ះពាល់ និងខូចខាតធ្ងន់ធ្ងរនោះទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ BTV នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា ខេត្តជួបបញ្ហាជំនន់ទឹកភ្លៀង មានខេត្តកំពង់ស្ពឺ កោះកុង កែប កំពត ព្រះសីហនុ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងសៀមរាប មានស្លាប់នៅកំពត ដោយសារទៅបោះតង់កន្លែងប្រឈមទឹកជន់ខ្លាំង ។ ឆ្លើយតបនឹងបញ្ហានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងខេត្តបានចាត់មន្ត្រី​ចុះពិនិត្យ ចែកជំនួយនៅទីតាំងខ្លះ និងតាមដានសភាពការណ៍ជាប្រចាំ ។ ឯកឧត្តម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ ខែសីហានេះ ​ទឹកបានស្រកទៅវិញនៅខេត្តជាច្រើន នៅតែស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ ដែលទឹកនៅទ្រឹង និងកន្លែងខ្លះទៀត ចាប់ផ្តើមស្រកវិញ ​ហើយតាមការព្យាករណ៍នឹងមិនមានភ្លៀងច្រើនទៀតទេ ។ គួរបញ្ជាក់ថា ​នារយៈពេលប៉ុន្មានថ្ងៃនេះ​ ជំនន់ទឹកភ្លៀង ​បានប៉ះពាល់ប្រជាពលរដ្ឋជាច្រើន​ពាន់​គ្រួសារ លិចលង់​ផ្ទះមួយចំនួន ហើយតំបន់ខ្លះក៏មានការ​ជម្លៀស​ពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ដោយជំនន់ទឹកភ្លៀង។
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ខេត្តពោធិ៍សាត់: កម្ពស់ទឹកស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចាប់ផ្ដើមហក់ឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះ ដោយជំនន់ទឹកភ្លៀង។ បច្ចុប្បន្នផ្ទះប្រជាពលរដ្ឋខ្លះ ដែលតាំងទីនៅជិតមាត់ស្ទឹងពោធិ៍សាត់ បានជន់លិចខ្លះទៅហើយ ក៏ប៉ុន្តែស្ថានភាពទឹកស្ទឹង នៅមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ពោលគឺស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ ខណៈកម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ។ យើងសង្កេតឃើញថា ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃចុងក្រោយនេះ បង្កជាជំនន់ទឹកភ្លៀង តាមបណ្ដាខេត្តមួយចំនួន បណ្ដាលឱ្យលិចផ្ទះប្រជាពលរដ្ឋ ប៉ុន្តែស្ថានភាពនេះ មិនធ្ងន់ធ្ងរនោះឡើយ ដោយសារទឹកនឹងឆាប់ស្រកទៅវិញ។ ប្រភពពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នេះថា កម្ពស់ទឹកភ្លៀង២៤ម៉ោង លើ៦/៧ក្រុងស្រុក មាននៅក្រុងពោធិ៍សាត់ ៩.៧មីលីម៉ែត្រ, ស្រុកវាលវែង ១.៥មីលីម៉ែត្រ, ស្រុកបាកាន ១.៥មីលីម៉ែត្រ, ស្រុកក្រគរ ២.២មីលីម៉ែត្រ, ស្រុកកណ្តៀង ២០.៨មីលីម៉ែត្រ និងស្រុកតាលោសែនជ័យ ១.២មីលីម៉ែត្រ។ លោកប្រធានមន្ទីររូបនេះ បានបន្ថែមថា ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹង និងទន្លេ ក្នុងនោះស្ទឹងពោធិ៍សាត់ មានកម្ពស់ ២.៧៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវ៉ាញ មានកម្ពស់ ២.៥១ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ), ស្ទឹងវាលវែង មានកម្ពស់ ២.៣ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ) និងទឹកទន្លេកំពង់លួង មានកម្ពស់ ២.០២ម៉ែត្រ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២-៨ ខែសីហា ឆ្នាំ២០២៣ ខណៈព្រះរាជាណាចក្រកម្ពុជា បានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយ លើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈោ្មះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ តំបន់ទំនាបកណ្តាល, តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតមួយ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ជាមួយគ្នានេះ ក្រសួងអំពាវនាវឱ្យមានការបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

ឯកឧត្តមអភិបាលខេត្តតាកែវ ដឹកនាំមន្រ្តីជំនាញចុះពិនិត្យស្ថានភាពទឹកនៅស្រុកត្រាំកក់ និងស្រុកសំរោង តាមបណ្ដោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

តាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកត្រាំកក់ ស្រុកសំរោង រួមជាមួយ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តស្រុកត្រាំកក់ ស្រុកសំរោង ខេត្តតាកែវ។ មានប្រសាសន៍នាឱកាសចុះពិនិត្យតាមបណ្ដាស្រុកនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឱ្យបានជាប់ជាប្រចាំពីស្ថានភាពទឹក ថាតើវាឡើងកម្រិតណា ហើយប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ ដែលអាចនាំឱ្យមានការជន់លិចនៅតំបន់ណាមួយ ដែលអាចនឹងប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ឬត្រូវធ្វើសកម្មភាពទប់ស្កាត់ជាមុន តាមរយៈការជីកដីទប់ទឹកកុំលិចលង់ នៅតំបន់មួយចំនួនដែលទឹកបម្រុងនិងលិច។ ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក មន្ទីរសាធារណការ សហការជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើងជាយថាហេតុនេះ ហើយក្នុងករណីដែលទឹកអាចនឹងកើនឡើងក្នុងកម្រិតខ្ពស់ អាជ្ញាធរស្រុកត្រូវសហការគ្នាជាមួយមន្ទីរជំនាញ ត្រូវកាយបើកផ្លូវទឹក និងកាយស្មៅឬសំរាមចេញតាមផ្លូវទឹកនានា ដើម្បីឱ្យទឹកហូរទៅក្រោមកាន់តែលឿន ដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋាន និងដំណាំរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា បើមានករណីលិចទឹកនៅតំបន់ណាមួយ៕

ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង កំពស់ទឹកទន្លេមេគង្គ កំពស់ទន្លេសេកុង កំពស់ទឹកទន្លេសេសាន កំពស់ទឹកវារីសេសាន
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ខេត្តស្ទឹងត្រែង : ស្ថានភាពទឹកទន្លេខេត្តស្ទឹងត្រែង នៅថ្ងៃទី 01-សីហា-២០២៣៖១-កំពស់ទឹកទន្លេមេគង្គ៖-កំពស់ទឹកប្រកាស=10,70 m-កំពស់ទឹកម្សិលមិញ=6,19 m-កំពស់ទឹកព្រឹកនេះ=7,08 m-កំពស់ទឹកឡើង=0,89 m២-កំពស់ទន្លេសេកុង៖-កំពស់ទឹកប្រកាស=11.50 m-កំពស់ទឹកម្សិលមិញ=6,36 m-កំពស់ទឹកព្រឹកនេះ=7,48 m-កំពស់ទឹកឡើង=1,12m៣-កំពស់ទឹកទន្លេសេសាន៖-កំពស់ទឹកប្រកាស=10,50 m-កំពស់ទឹកម្សិលមិញ=6,61 m-កំពស់ទឹកព្រឹកនេះ=7,48 m-កំពស់ទឹកឡើង=0,87 m៤-កំពស់ទឹកវារីសេសាន៖-កំពស់ទឹកប្រុងប្រយ័័ត្ន=75,00 m-កំពស់ទឹកក្នុងអាង=​75,26 m-ធារទឹកហូរចូលអាង=6246 m/s-ធារទឹកហូរចេញ= 6211 m/s។នេះជារបាយការណ៍បានមកពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ៕  

សេចក្តីប្រកាស ស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០២-០៨ ខែសីហា ឆ្នាំ២០២៣)
ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី0២-0៨ ខែសីហា ឆ្នាំ២០២៣ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិន។

ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំកិច្ចប្រជុំ ឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆមាសទី១ ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៣ របស់ អគ្គលេខាធិការដ្ឋាន
ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣

ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ (គ.ជ.គ.ម)នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំ ឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆមាសទី១ ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៍ប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៣ របស់ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងប្រកាសប្រគល់ភារកិច្ចជូនមន្ត្រីរាជការ គ.ជ.គ.ម.។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សា លោកប្រធាន អនុប្រធាន នាយកដ្ឋាន នឹងមន្ត្រីពាក់ព័ន្ធមួយចំនួន ដែលប្រព្រឹត្តទៅនៅសាលប្រជុំគ.ជ.គ.ម.។  

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣)
ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣

សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣) សប្តាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមក្នុងកម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ«រវាងទីក្រុងនិងទីក្រុង»នៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣

(ណាននីង, ចិន)៖ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំគណៈប្រតិភូចូលរួមក្នុងកម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង» ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះអាសន្ននិងការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពធន់រវាងសាធារណរដ្ឋប្រជាមានិតចិន និង ព្រះរាជាណាចក្រកម្ពុជា ដែលសហការរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃ​សាធារណ​រដ្ឋប្រជាមានិតចិន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី នៃសាធារណៈរដ្ឋប្រជាមានិតចិន។   ក្នុងសិក្ខាសាលានេះបានការចូលរួមពី លោក Xu Yongke អភិបាលរងតំបន់ស្វយ័តក្វាងស៊ី, តំណាង ធនាគារអភិវឌ្ឍន៍អាស៊ី(ADB), តំណាងអង្គការអន្តរជាតិ ,វិស័យឯកជន ,មន្ត្រីរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃសាធារណៈរដ្ឋប្រជាមានិតចិន និងមន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនទៀត។   កម្មវិធីទស្សកិច្ចសិក្សា និងសិក្ខាសាលាភាពជាដៃគូរ «រវាងទីក្រុងនិងទីក្រុង»ក្នុងគោលបំណងពង្រឹងភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាវេទិកាសម្រាប់ការផ្លាស់ប្តូរគំនិតស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យផ្សេងៗទៀតដែលមានផលប្រយោជន៍ទៅវិញទៅមក។   តាមរយៈទស្សនកិច្ចសិក្សា និងសិក្ខាសាលានេះ បានរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការការងារ ក្នុងការរួមគ្នាគ្រប់គ្រង នឹងដោះស្រាយវិបត្តគ្រោះមហន្តរាយ ទាំងនៅក្នុងតំបន់ ដើម្បីជាឧត្តមប្រយោជន៍ ផ្តល់ភាពសុខដុមរនា ដល់ប្រជាជន។ លើសពីនេះ វេទិកានឹងស្វែងយល់ពីរបៀបពង្រឹងការដឹកនាំគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និងរបៀបបង្កើតប្រព័ន្ធកាន់តែរឹងមាំ ក្នុងការគ្រប់គ្រងហានិភ័យគ្រប់ប្រភេទ រវាងទីក្រុង និងទីក្រុង ក្នុងតំបន់អាស៊ាន ។