ទេសរដ្ឋមន្ដ្រី គន់ គីម៖ ទឹកនៅស្រុកកូនមុំ ស្រកទៅវិញហើយ, ពលរដ្ឋចាប់ផ្ដើមវិលត្រឡប់ចូលផ្ទះវិញ តែសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅបន្ដតាមដានសុខទុក្ខយ៉ាងយកចិត្ដទុកដាក់
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (រតនគិរី)៖ ស្ថានភាពទឹកនៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ដរតនគិរី បានស្រកទៅវិញហើយ ខណៈប្រជាពលរដ្ឋ ប្រមាណ៧០០គ្រួសារ ក៏កំពុងចាប់ផ្ដើមវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួនផងដែរ។ នេះបើតាមឲ្យដឹងពី ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។  នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា បើទោះបីទឹកស្រកក៏ពិតមែន តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅបន្ដតាមដានសុខទុក្ខរបស់ប្រជាពលរដ្ឋយ៉ាងយកចិត្ដទុកដាក់។     ទេសរដ្ឋមន្ដ្រី គន់ គីម ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យចុះអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅកន្លែងប្រឈមដោយទឹកជំនន់ បានថ្លែងយ៉ាងដូច្នេះថា «នៅឃុំសិរីមង្គល ស្រុកកូនមុំ ទឹកបានស្រកជាង២ម៉ែត្រ ប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ បានវិលត្រឡប់ទៅចូលផ្ទះសម្បែង ដើម្បីបោសសម្អាត ធ្វើអនាម័យផ្ទះសម្បែងការពារជំងឺផ្សេង ខណៈកន្លែងខ្លះនៅមានទឹកបន្ដិចបន្តួច»។ លោក គន់ គីម បានឲ្យដឹងទៀតថា នៅពេលប្រជាពលរដ្ឋវិលត្រឡប់ចូលផ្ទះសម្បែងវិញនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច នៅតែបន្ដផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យពួកគាត់ប្រើប្រាស់ដដែល និងបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រយ័ត្ន ពិសេសត្រូវធ្វើអនាម័យផ្ទះសម្បែង ដើម្បីកុំឲ្យប្រឈមជាមួយជំងឺដង្កាត់ផ្សេងៗ។ បើតាមទេសរដ្ឋមន្ដ្រី គន់ គីម សម្រាប់បញ្ហាទឹកស្អាតនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភកាដុងសម្រាប់ដាក់ទឹក ចំនួន១,០០០កាដុងផងដែរ តាមរយៈលោក ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ ដោយឡែក ចំពោះទឹកវិញ រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកយកទៅជូនជាបន្ដបន្ទាប់ផងដែរ។       លើសពីនេះ ដោយឃើញស្ថានភាពលំបាករបស់ប្រជាពលរដ្ឋក្រោយទឹកស្រក ពិសេសលើការប្រកបរបរផ្សេងៗនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ បានចាត់ឲ្យលោក គន់ គីម យកអំណោយចែកជូនជាបន្ដបន្ទាប់ផងដែរ រួមមាន អង្ករ និងឃីតជាដើម ដើម្បីដោះស្រាយជីវភាព។ ជាមួយគ្នានេះ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានបញ្ជាក់ថា ទឹកទន្លេស្រែពក ចាប់ផ្តើមស្រកហើយ ឥលូវនៅត្រឹមកម្ពស់១០,៥០ម៉ែត្រតែប៉ុណ្ណោះ លែងជាបញ្ហាព្រួយបារម្មណ៍ ចំពោះប្រជាពលរដ្ឋចំនួន២ស្រុក គឺស្រុកកូនមុំ និងស្រុកលំផាត់ ដែលរស់នៅតាមដងទន្លេស្រែពក៕  

ទេសរដ្ឋមន្ត្រី គន់ គីម និងប្រធានអង្គការ «ការីតាសកម្ពុជា» នាំអំណោយជូនពលរដ្ឋរងគ្រោះទឹកជំនន់នៅរតនគិរី
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

  (រតនគីរី)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ៥០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់នៅឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គឹម រតនា នាយកអង្គការ «ការីតាសកម្ពុជា» និងមន្ត្រីជុំវិញខេត្តជាច្រើនរូបផ្សេងទៀត។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។ លោកទេសរដ្ឋមន្ត្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះនោះថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានយកចិត្តទុកដាក់ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅរបស់បងប្អូនទាំងអស់ ជាពិសេសនៅក្នុងពេលរងគ្រោះដោយទឹកជំនន់នេះ។ សម្តេចទាំងទ្វេតែងតែរំលឹកខ្ញុំជានិច្ចឱ្យចុះមកដោះស្រាយ និងជួយទុក្ខធុរៈរបស់បងប្អូន។ សូមបងប្អូនកុំមានការព្រួយបារម្ភឱ្យសោះសម្តេចលោកតែងតែនឹករលឹក និងខ្វាយខ្វល់ចំពោះបងប្អូន មិនទុកបងប្អូនចោលនោះឡើយ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនទុកឲ្យប៉ះពាល់ដល់អាយុជីវិត។ ជាក់ស្តែងក្នុងអំឡុងពេលគ្រោះទឹកជនន់ថ្មីៗនេះ តាមបញ្ជាររបស់សម្តេចទាំងពីរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់ធម្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារៈប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។ លោក គន់ គីម ក៏បានថ្លែងអំណរគុណដល់អង្គការការីសតាសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដោយផ្តល់ជាអំណោយមនុស្សធម៌ ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកលំផាត់ទាំងអស់។ គួរបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អង្គការការីសតាសកម្ពុជា ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ៥០០គ្រួសារ មកពី៣ភូមិ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១បេ ២៥គីឡូក្រាម, តង់ ១, ឃីត ១ (មុង,ភួយ,ទឹកត្រី, ទឹកស៊ីអីវ, ស្កសរ, អំបិល, ខ្លាញ់) និងទឹកសុទ្ធមួយយួរ) ជាអំណោយរបស់សម្បុរសជន។ ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្រ្តី គន់ គីម ក៏បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្រោយទឹកជំនន់និង បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋរងគ្រោះទាំងអស់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ និងសម្អាតភូមិ លំនៅដ្ឋានរបស់ខ្លួន នៅពេលបងប្អូនប្រឡប់មកកាន់លំនៅដ្ឋានវិញបន្ទាប់ពីទឹកជំនន់បានស្រកចុះ៕  

រន្ទះបាញ់ផ្ដាច់ជីវិតគោប្រាំក្បាល
ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣

ភ្លៀងលាយផ្គររន្ទះ បានផ្តាច់ជីវិតគោដែលជាសត្វបម្រើឲ្យការធ្វើស្រែរបស់ប្រជាកសិករអស់០៥ក្បាល ភ្លាមៗមួយរំពេច ។ ខណៈម្ចាស់លែងឲ្យស៊ីស្មៅក្បែរភូមិ ។ ករណីផ្គររន្ទះនេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចវាលឥន្ទ្រី ស្ថិតពីខាងកើតភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ដែលរន្ទះបាញ់សម្លាប់គោអស់០៥ក្បាល ។ សមត្ថកិច្ចបានឲ្យដឹងថា តាមការរៀបរាប់របស់ម្ចាស់គោ គឺមុនពេលមានភ្លៀងធ្លាក់ ពួកគាត់បានលែងគោឲ្យទៅស៊ីស្មៅដូចធម្មតា ដោយមិននឹកស្មានថាជួបរឿងអាក្រក់បែបនេះឡើយ ។ ប្រភពបន្តថា ពេលដែលពួកគាត់លែងគោទៅឲ្យស៊ីស្មៅនៅចំណុចខាងលើ ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ថែមទាំងមានលាយខ្យល់ផ្គររន្ទះទៀតផង ។ ឃើញដូច្នោះ ម្នាក់ៗបាននាំរត់មកផ្ទះ ដោយទុកតែគោឲ្យនៅស៊ីស្មៅនៅទីនោះ ។ ពេលម្នាក់ៗទៅដល់ផ្ទះមិនបានប៉ុន្មាននាទីផង ស្រាប់តែលឺសូរសំឡេងរន្ទះយ៉ាងខ្លាំង នៅចំណុចខាងលើ ។ រំពេចនោះ គ្រប់គ្នាបានរត់ចេញទៅមើល ស្រាប់តែឃើញគោរបស់ខ្លួន ត្រូវរន្ទះបាញ់ងាប់អស់ទៅហើយ ។ ក្រុមម្ចាស់គោបានលើកឡើងថា នេះពិតជាសំណាងហើយ ដែលពួកគាត់ចេះនាំគ្នារត់ទៅដល់ផ្ទះទាន់ពេលវេលា បើនៅជ្រកក្រោមដើមឈើក្បែរនោះ ម្លេះមច្ចុរាជធម្មជាតិផ្តាច់យកសង្ខាររបស់ពួកគាត់ដូចគោ ជាក់ជាមិនខានឡើយ ។ក្រោយពីរន្ទះបានបាញ់ងាប់គោរបស់ប្រជាពលរដ្ឋអស់ចំនួន០៥ក្បាលរួចមក ក្រុមម្ចាស់គោបានរាយការណ៍ទៅមេភូមិ និងសមត្ថកិច្ច ហើយដឹកយកគោរបស់ខ្លួនទៅផ្ទះរៀងៗខ្លួន ព្រោះបើទុកយូរខ្លាចហើមសាច់ធ្វើម្ហូបអត់កើត ៕ (ប្រភព៖ កោះសន្តិភាព)